ពលរដ្ឋខ្មែររាប់ពាន់នាក់ធ្វើដំណើរទៅភូមិជោគជ័យ ក្រោយអ្នកភូមិប៉ះទង្គិចជាមួយទាហានថៃ

ពលរដ្ឋខ្មែររាប់ពាន់នាក់បានធ្វើដំណើរទៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងមកពីខេត្តមួយចំនួនទៀត នៅថ្ងៃទី២៦ ខែសីហា បន្ទាប់ពីក្រុមទាហានថៃព្យាយាមរាយបន្លាលួស និងដេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង។ បើទោះជាពួកគាត់ត្រូវបានក្រុមយោធាថៃឈ្លានពានក្ដី អាជ្ញាធរខ្មែរបែរជារារាំង មិនឱ្យចូលទៅដល់ទីតាំងដែលទាហានថៃព្យាយាមរាយបន្លាលួស ហើយថែមទាំងបានរឹតត្បិតក្រុមអ្នកសារព័ត៌មាន មិនថតនិងផ្សាយផ្ទាល់ឡើយ។

ពលរដ្ឋ​មួយ​ចំនួន​បាន​សម្រុក​ចូល​ទៅ​ហាមឃាត់​ទាហាន​ថៃ​ដែល​បន្ត​ចូល​រាយ​បន្លា​លួស​ជាថ្មី​នៅ​ភូមិ​ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈ​ក្រុម​ពលរដ្ឋ​រាប់​ពាន់​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ដាក់​របាំង​រារាំង​ពួក​គាត់​នៅ​លើ​ផ្លូវ​ធំ មិន​ឱ្យ​ចូល​ទៅ​ដល់​ទីតាំង​ជម្លោះ។

ពលរដ្ឋរាប់ពាន់នាក់ចុះទៅភូមិជោគជ័យក្រោយអ្នកភូមិប៉ះទង្គិចជាមួយទាហានថៃ ពលរដ្ឋខ្មែររាប់ពាន់នាក់ បានធ្វើដំណើរទៅភូមិជោគជ័យខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែសីហា បន្ទាប់ពីក្រុមទាហានថៃព្យាយាមរាយបន្លាលួស និងដេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង។

នៅ​លើ​ថ្នល់​រាប់​ពាន់​នាក់ បិទ​ឃាត់​ពួក​គាត់​ធ្វើ​អី យូរ​ៗ​ទៅ​បិទ​តែ​ប្រជាជន​គ្នា​ឯង ឱ្យ​ពួកគាត់​ចូល​មក ទៅ​បិទ​ធ្វើ​អី។ ឥឡូវ អនុព័ន្ធ​ចេញ​ទៅ​បាត់​ហើយ ឥឡូវ ទាហាន​ថៃ​ក៏​សម្រុក​មក​ដែរ។ នេះ​គឺ​ជា​សកម្មភាព​បងប្អូន​យើង​ច្រូងច្រាង ដំបង​ម្នាក់​មួយៗ ដើម្បី​ការពារ​ទឹក​ដី​របស់​យើង​។

—  ពលរដ្ឋ

ជុំវិញ​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ផ្សាយ​ផ្ទាល់​នៅ​តាម​បន្ទាត់​ព្រំដែន ដែល​យោធា​ថៃ​ចូល​រាយ​បន្លា​លួស​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ គឺ​ដើម្បី​ការពារ​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ និង​កុំ​ឱ្យ​មាន​ការ​ផ្សាយ​បញ្ឆេះ​កំហឹង​ពលរដ្ឋ​រឿង​ព្រំដែន ដែល​អាច​ធ្វើ​ឱ្យ​ជម្លោះ​ព្រំដែន​កាន់​តែ​ពិបាក​ដោះស្រាយ។

ជាមួយគ្នានេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​លើកឡើង​ដែរ​ថា ការ​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ប្រឈម​មុខ​ជាមួយ​ក្រុម​យោធាថៃ ដោយសារ​ព្រួយបារម្ភ​ក្រុម​ពលរដ្ឋ​ទៅ​តវ៉ា​បែប​ហិង្សា​ដោយ​ការ​គប់​ដុំ​ថ្ម​ជាដើម ដែល​ជា​សកម្មភាព​រំលោភ​លើ​បទ​ឈប់​បាញ់។

ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នេះ​ធ្វើ​ឡើង ស្របពេល​ពលរដ្ឋ​ថៃ​ដែល​ជា​ក្រុម​ជ្រុល​និយម​រាប់រយ​នាក់ ដែល​ខ្លះ​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​បាងកក បាន​មក​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​ក្រុម​ពលរដ្ឋ​ខ្មែរ នៅ​តំបន់ព្រំដែន បានណងចាន់ (Ban Nong Chan) ដែល​នៅ​ទល់​មុខ​គ្នា​ជាមួយ​ភូមិ​ជោគជ័យ​របស់​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី២៥ ខែសីហា ក្រុម​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ជោគជ័យ​រាប់​សិប​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​រុញ​ច្រាន​ក្រុម​ទាហាន​ថៃ បន្ទាប់​ពី​ចូល​មក​រាយ​បន្លា​លួស​បន្ថែម​ព័ទ្ធ​ដី​ផ្ទះសម្បែង​ពួក​គាត់។ ការ​រុញ​ច្រាល​នេះ បាន​កើតឡើង​បន្ទាប់​ពី​ក្រុម​ពលរដ្ឋ​ខ្មែរ​អះអាង​ថា ពួកគាត់​មិន​អាច​អត់ទ្រាំ​នឹង​ការ​ឈឺចាប់​បន្ថែម ខណៈ​ទាហាន​ថៃ​បាន​រាយ​បន្លាលួស​រំលោភ​ដី​ខ្មែរ និង​បាន​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​របស់​អ្នក​ភូមិ​អស់​ចំនួន ដោយ​គ្មាន​ទាហាន​ខ្មែរ​ទៅ​រារាំង។

ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោកទៀសីហាបាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថាទាហាន​ខ្មែរ​បាន​ឈរ​ជើង​ការពារ​ពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង​ការ​រាយ​បន្លា​លួស​ពី​ទាហាន​ថៃ។លោក​បន្ត​ថាកង​កម្លាំង​របស់​កម្ពុជា​បាន​រក្សា​ការពារ​ប្រទេសដោយ​អត់ធ្មត់​បំផុតដើម្បី​អនុវត្ត​បទ​ឈប់​បាញ់និង​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ម្តង​ទៀតដែល​ធ្វើ​ឱ្យ​បាត់បង់​ទ្រព្យ​សម្បត្តិ​និង​ជីវិត​មនុស្ស​ទាំង​សង​ខាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។