លោក ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី១៧ ខែសីហាថា ភេសជ្ជៈកូកាកូឡា ជាផលិតផលអាមេរិក ប៉ុន្តែក៏ដូចជាផលិតផលខ្មែរដែរ ដោយសារមានរោងចក្រផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល ហើយប្រើប្រាស់កម្មករជាខ្មែរ និងបានបង់ពន្ធរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកបានអំពាវនាវកុំឱ្យពលរដ្ឋធ្វើពហិការចំពោះភេសជ្ជៈកូកាកូឡា ពីព្រោះជាអន្ទាក់របស់សត្រូវដែលចង់រុញឱ្យកម្ពុជាធ្វើជាសត្រូវជាមួយសហរដ្ឋអាមេរិក និងចង់បង្កើតឱ្យមានបញ្ហាខាងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា បើក្រុមហ៊ុនកូកាកូឡាដកខ្លួនចេញពីកម្ពុជា សត្រូវជាអ្នកទទួលផល ហើយកម្ពុជាជាអ្នកខាតបង់។
ការអំពាវនាវរបស់លោក ហ៊ុន សែន នេះបានកើតឡើងស្របពេលពលរដ្ឋខ្មែរមួយចំនួននាំគ្នាបង្ហោះលើហ្វេសប៊ុក ឈប់ទិញនិងទទួលទានភេសជ្ជៈកូកាកូឡា បន្ទាប់ពីពួកគេលើកឡើងថា ក្រុមហ៊ុនបានផ្ដាច់កុងត្រាឈប់ឱ្យតារាចម្រៀងរ៉េបដ៏ល្បីល្បាញលោក ម៉ាន់ វណ្ណដា ធ្វើជាទូតសុឆន្ទៈ។ មុនឈានដល់ការកើតឡើងបញ្ហានេះ លោក វណ្ណដា បាននិយាយនៅក្នុងវីដេអូនិងចេញបទចម្រៀងដែលមានចំណងជើងថា «១សីហា» រៀបរាប់ពីការប្រើប្រាស់កម្លាំងទ័ពរបស់ប្រទេសថៃឈ្លានពានកម្ពុជា និងការចាប់ទាហានកម្ពុជា១៨នាក់ធ្វើជាចំណាប់ខ្មាំងក្រោយមានបទឈប់បាញ់ ដែលមានចូលមើលលើហ្វេសប៊ុកនិងយូធូបរបស់លោកប្រហែល៥០លានដង។
ក្រុមហ៊ុន ខេមបូឌា បេវេរេជ ខមប៉ានី លីមីធីត (Cambodia Beverage Company LTD) ដែលផលិតភេសជ្ជៈកូកាកូឡា បានបើកដំណើរការរោងចក្រនៅកម្ពុជាកាលពីឆ្នាំ២០១៦ និងបានផ្ដល់ការងារដល់បុគ្គលិកជាង៨០០នាក់ ក្នុងនោះប្រហែល៩៩% ជាពលរដ្ឋខ្មែរ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីក្រុមហ៊ុន កូកាកូឡា ជុំវិញបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី១៨ ខែសីហា។
លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា លោកនឹងមិនប្រឆាំងចំពោះការធ្វើពហិការភេសជ្ជៈកូកាកូឡាឡើយ ប្រសិនបើជាផលិតឡើងនៅក្នុងប្រទេសថៃ ពីព្រោះប្រទេសថៃចង់ប្រើប្រាស់សេដ្ឋកិច្ចគាប់សង្កត់លើកម្ពុជាតាំងពីដំបូង ដូចជាគំរាមកាត់ផ្ដាច់អគ្គិសនី អ៊ិនធឺណិត និងប្រេងឥន្ធនៈជាដើម។ ប៉ុន្តែលោកបានបន្ថែមទៀតថា សម្រាប់ក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅខ្មែរ លោកត្រូវខិតខំការពារ ដើម្បីផលប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។