ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យទីតាំងយោធាថៃរាយបន្លាលួសរំលោភលំនៅឋានពលរដ្ឋខ្មែរ

ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាស្ថានទូតម៉ាឡេស៊ី បានចុះពិនិត្យទីតាំងក្រុមយោធាថៃ បានរាយបន្លាលួសនិងកង់ឡានរំលោភចូលភូមិឋានពលរដ្ឋខ្មែរ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។

ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យទីតាំងយោធាថៃរាយបន្លាលួសរំលោភលំនៅឋានពលរដ្ឋខ្មែរ ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាស្ថានទូតម៉ាឡេស៊ី បានចុះពិនិត្យទីតាំងក្រុមយោធាថៃ ដាក់រាយបន្លាលួសចូលភូមិឋានពលរដ្ឋខ្មែរ។

ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ​បាន​ចុះផ្សាយ​ថា នៅ​រសៀល​ថ្ងៃ​ទី១៤ ខែសីហា ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន​ចំនួន​៧​ប្រទេស រួមមាន​ប្រ៊ុយណេ (Brunei ) ឥណ្ឌូនេស៊ី (Indonesia ) ឡាវ (Laos ) មីយ៉ាន់ម៉ា (Myanmar ) ហ្វីលីពីន (Philippines ) និងវៀតណាម (Vietnam ) ដឹកនាំ​ដោយ​អនុព័ន្ធ​យោធា​ម៉ាឡេស៊ី បាន​ចុះ​ពិនិត្យ​ស្ថានភាព​បទ​ឈប់​បាញ់​នៅ​តាម​ព្រំដែន​កម្ពុជា​និង​ថៃ ចំនួន​៤​ទីតាំង គឺ​នៅ​យោធ​ភូមិភាគ​ទី​៥ ក្នុង​ខេត្តបាត់ដំបង និង​នៅ​ច្រក​ព្រំដែន​បឹងត្រកូន ច្រក​ព្រំដែន​អូរបីជាន់ និង​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ។

នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​ក្រុម​យោធា​ថៃ​បាន​ដាក់​កង់ឡាន និង​រាយ​បន្លា​លួស​បំពាន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា និង​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ខ្នង ស្ថិត​ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខណៈ​ពលរដ្ឋ​រស់​នៅ​ក្បែរ​ច្រក​បឹងត្រកួន ក្នុង​ឃុំបន្ទាយរមៀត ស្រុកថ្មពួក បាន​លើកឡើង​តវ៉ា បន្ទាប់ពី​ក្រុម​យោធា​ថៃ​ប្រុង​រាយ​បន្លា​លួស​ចង់​ព័ទ្ធ​ផ្ទះ​ពួកគាត់។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៤ ខែសីហា​ថា ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន​នេះ ធ្វើ​ឡើង​ស្របពេល​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ផ្លូវការ កំពុង​ស្ថិត​ក្នុង​ការ​រៀបចំ​បង្កើត​ឡើង​ដើម្បី​តាមដាន​បទ​ឈប់​បាញ់។

ការ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នេះ ដើម្បី​សង្កេត​មើល​ស្ថានភាព​សន្ដិសុខ​ព្រំដែន និង​ផល​ប៉ះពាល់​ក្នុង​អំឡុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និង​ស្ថានការណ៍​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង​គោលការណ៍​ឯកភាព​ទាំង​១៣​ចំណុច នៅ​ក្នុង​កិច្ច​ប្រជុំ​វិសមាញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាល​ពី​ថ្ងៃ​ទី០៧ ខែសីហា ឆ្នាំ​២០២៥។

—  អ្នកស្រី ម៉ាលី សុជាតា

កាល​ពី​ថ្ងៃ​ទី១៣ ខែសីហា ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ជំរុញ​ឱ្យ​ភាគី​ថៃ ចូលរួម​សហការ​ពន្លឿន​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ជាផ្លូវការ ស្របពេល​យោធា​ថៃ​បន្ត​មិន​គោរព​តាម​លក្ខខណ្ឌ​បទ​ឈប់​បាញ់​គ្នា ដោយ​បាន​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​តាម​ព្រំដែន បញ្ជូន​គ្រឿងចក្រ​ធ្ងន់ធ្ងរ​កាយ​ដី​ធ្វើ​ផ្លូវ និង​ជីក​ធ្វើ​លេណដ្ឋាន និង​ការ​រាយ​បន្លា​លួស​ដោយ​ឯកតោ​ភាគី។

កាល​ពី​ថ្ងៃ​ទី១៣សីហាក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ច្រានចោល​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​ថៃដែល​ចោទ​ប្រកាន់​ថាទាហាន​ខ្មែរ​បាន​ដាក់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នៅ​តំបន់មុំបី អានសេះ តាសឹម និង​ប្រាសាទ​តាមាន់ធំដែល​បាន​បណ្ដាល​ឱ្យ​ទាហាន​ថៃ​ដើរ​ជាន់​ផ្ទុះ​របួស​ជាបន្តជាបន្ទាប់។ ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថាតំបន់​ទាំង​នោះមាន​គ្រាប់​មីន​សល់​ពី​សម័យ​សង្គ្រាមដែល​ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​ភ្នាក់ងារ​ដោះ​មីន​ជាតិ​និង​អន្តរជាតិ​ថា​ជា​ចម្ការមីននិង​ដោយសារ​ទាហាន​ថៃ​ដើរ​ល្បាត​បំពាន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។