បក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនិស្ដវៀតណាមប្រកាសរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំ

ប្រធានគណបក្សប្រជាជនកម្ពុជានិងប្រធានគណបក្សកុម្មុយនិស្ដវៀតណាមប្ដេជ្ញា ធ្វើឱ្យទំនាក់ទំនងរវាងគណបក្សកាន់តែរឹងមាំ ជាពិសេសធ្វើឱ្យទំនាក់ទំនងរវាងអ្នកជំនាន់ក្រោយនៃគណបក្សទាំងពីរ កាន់តែស្អិតរមួត។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​បណ្ដា​មេដឹកនាំ​កំពូល​ៗ​វៀតណាម រួមមាន​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ដ​វៀតណាម​លោក តូ ឡឹម ប្រធាន​រដ្ឋសភា​វៀតណាម​លោក ជិន ថាញ់មិន និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញជិញ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​បក្ស​និង​បក្ស ប្រទេស​និង​ប្រទេស អំឡុង​ពេល​លោក ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម​លើក​ទី៨០ នៅ​ទីក្រុង​ហាណូយ ពី​ថ្ងៃ​ទី០១ ដល់​ថ្ងៃ​ទី០២ ខែកញ្ញា។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ចុះផ្សាយ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​បក្សកុម្មុនិស្ដ​វៀតណាម​លោក តូ ឡឹម លោក ហ៊ុន សែន បាន​ចាត់ទុក​ការ​ទទួល​បាន​ឯករាជ្យ​របស់​វៀតណាម​ពី​បារាំង​កាល​ពី​ថ្ងៃ​ទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ បាន​ក្លាយ​ជា​ចំណុច​មួយ​នាំ​ឱ្យ​កើត​មាន​ចលនា​តស៊ូ​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​តំបន់​និង​ពិភពលោក។ លោក​បាន​បន្ត​ថា ទំនាក់ទំនង​ល្អ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្សកុម្មុយនិស្ត​វៀតណាម ក៏​បាន​ក្លាយ​ជា​ចំណុច​ស្នូល​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​រីក​ចម្រើន​ដែរ។

ចំណែក​លោក តូ ឡឹម បាន​លើកឡើង​ថា វត្តមាន​ចូលរួម​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម​របស់​លោក ហ៊ុន សែន ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​កម្ពុជា​និង​វៀតណាម ហើយ​លោក​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​និង​មន្ត្រី​គណបក្ស បន្ត​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក និង​ត​ភ្ជាប់​យុវជន និង​យុវជន​របស់​បក្ស ឱ្យ​កាន់​តែ​មាន​ភាព​ស្អិតរមួត​បន្ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​យល់ឃើញ​ថា មូលហេតុ​ប្រធាន​បក្ស​កាន់​អំណាច​កម្ពុជា​និង​មេដឹកនាំ​បក្ស​កុម្មុយនិស្ដ​វៀតណាម បន្ត​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នក​បន្តវេន​ឱ្យ​កាន់​តែ​រឹងមាំ​គឺ​លោក ហ៊ុន សែន ចង់​ឱ្យ​វៀតណាម​ជួយ​គាំទ្រ​ការ​ដឹកនាំ​របស់​ត្រកូល «ហ៊ុន» ជា​ថ្នូរ​លោក ហ៊ុន សែន អាច​បន្ត​ផ្ដល់​ភាព​ស្របច្បាប់​ឱ្យ​ពលរដ្ឋ​វៀតណាម​រស់​នៅ​កម្ពុជា។

អ៊ីចឹង នៅ​ពេល​ពង្រឹង​ទំនាក់ទំនង​រវាង​បក្ស​ទាំង​ពីរ គឺ​ប្រាកដ​ជា​វៀតណាម​កាត់​ទឹក​ដី​ខ្មែរ​យើង​បន្ថែម​ទៀត​ទៅ​វៀតណាម ដើម្បី​សង​គុណ​វៀតណាម ដែល​វៀតណាម​បាន​លើក​បន្តុប​លោក ហ៊ុន សែន បាន​កាន់​អំណាច​មក​ដល់​សព្វ​ថ្ងៃ និង​ប្រាប់​ឱ្យ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ទៅ​ដល់​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ផ្ដល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា និង​ឱ្យ​ពលរដ្ឋ​វៀតណាម​លើក​គោក ផ្ដល់​ដី ផ្ដល់​ផ្ទះ ដែល​រស់​នៅ​កម្ពុជា។

—  លោក អ៊ុំ សំអាន

លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម បង្ហាញ​ពី​ទំនាក់ទំនង​រឹងមាំ​នៅ​ពេល​នេះ ខណៈ​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជា ធីរិទ្ធ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញជិញ ក៏​បាន​ប្រាប់​លោក ហ៊ុន សែន ថា វៀតណាម​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បី​ជំរុញ​ឱ្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ឱ្យ​មាន​ប្រសិទ្ធភាព រហូត​ស្ថានភាព​ព្រំដែន​ប្រទេស​ទាំង​ពីរ វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។