រដ្ឋសភាអនុម័តច្បាប់អនុញ្ញាតឱ្យដកសញ្ជាតិខ្មែរ

តំណាងរាស្រ្ដ១២០រូបបានលើកដៃយល់ព្រមអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដើម្បីអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរពីពលរដ្ឋដែលត្រូវចោទប្រព្រឹត្តអំពើក្បត់ជាតិ។ សង្គមស៊ីវិល៥០ស្ថាប័នបានលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ អាចត្រូវបានចែងយ៉ាងស្រពិចស្រពិល ហើយអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។

រដ្ឋសភា​បាន​លើកឡើង​ថា ការ​អនុម័ត​ច្បាប់​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ដក​សញ្ជាតិ​នេះ បាន​ធ្វើ​ឡើង​ស្របពេល​ប្រទេស​កំពុង​ប្រឈម​នឹង​ការ​ឈ្លានពាន​ពី​រដ្ឋ​បរទេស បែរ​ជា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច ជាពិសេស​អ្នក​រស់​នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​សកម្មភាព​ក្បត់​ជាតិ​ដោយ​គប់គិត​ជាមួយ​បរទេស ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ និង​ឧត្តម​ប្រយោជន៍​ជាតិ។

រដ្ឋសភាអនុម័តច្បាប់ដកសញ្ជាតិខ្មែរ តំណាងរាស្រ្ដ១២០រូប បានលើកដៃយល់ព្រមអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីសញ្ជាតិ ដើម្បីអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ។

ទោះយ៉ាងណា អង្គការ សមាគម ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​បរិស្ថាន​ចំនួន​៥០ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ។ សេចក្ដី​ថ្លែងការណ៍​ចុះ​កាល​ពី​ថ្ងៃ​ទី២៤ ខែសីហា បាន​លើកឡើង​ថា ការ​អនុម័ត​ច្បាប់​ដក​សញ្ជាតិ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​អន្តរជាតិ អនុសញ្ញាអន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្សហើយ​ជា​កំហុស​មួយ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សង្គម និង​ប្រទេស​ជាតិ។

ក្រុម​អង្គការ​សមាគម​ទាំង​នោះ​ព្រួយបារម្ភ​ថា ច្បាប់​ដក​សញ្ជាតិ​នេះ នឹង​បង្ក​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ប្រសិនបើ​អាជ្ញាធរ​យក​ទៅ​ប្រើប្រាស់​ផ្ដោត​លើ​ក្រុម​មនុស្ស ផ្នែក​ទៅ​លើ​ជាតិសាសន៍ និន្នាការ​នយោបាយ សេរីភាព​បញ្ចេញមតិ និង​សកម្មភាព​និយម​ផ្នែក​បរិស្ថាន​និង​សង្គម ហើយ​អ្នក​ទាំង​នោះ នឹង​អាច​បាត់បង់​សិទ្ធិ​ជាមូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កំណើត ដូចជា​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល អប់រំ ការ​រៀប​អាពាហ៍ពិពាហ៍​ស្របច្បាប់ សិទ្ធិ​ធ្វើ​ការងារ និង​សិទ្ធិ​ធ្វើ​នយោបាយ​ជាដើម។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​តស៊ូ លោក គឹម សុខ បាន​យល់ឃើញ​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​បញ្ជា​ឱ្យ​បង្កើត​ច្បាប់​ដក​សញ្ជាតិ ប្រៀប​បាន​នឹង​ការ​លែង​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​របស់​ជនជាតិ​ខ្មែរ។ លោក​បាន​បន្ត​ថា ខណៈ​ថៃ​និង​វៀតណាម​តែង​ចិញ្ចឹម​ចិត្ត​ឈ្លានពាន​យក​ទឹក​ដី​ខ្មែរ រី​ឯ​ត្រកូល«ហ៊ុន» កំពុង​ព្យាយាម​ដក​ព្រលឹង​ចេញ​ពី​ពលរដ្ឋ​ខ្មែរ។

ខណៈ​ថៃ​រួមរួប​គ្នា​បង្កើន​ចលនា​ឈ្លានពាន​ទឹក​ដី​កម្ពុជា ហើយ​វៀតណាម​បង្កើន​សកម្មភាព​ជា​យុទ្ធសាស្ដ្រ​លេប​យក​ទឹក​ដី​កម្ពុជា បែរ​ទៅ​ជា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អនុម័ត​ច្បាប់​សញ្ជាតិ ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ ដែល​ការពារ​ជាតិ និង​ស្រលាញ់​ប្រជាធិបតេយ្យ​ទៅ​វិញ គឺ​ធ្វើ​ឱ្យ​ជាតិ​កម្ពុជា​បែក​បាក់ និង​ខ្សោយ បង្ក​ឱ្យ​បរទេស​ជិត​ខាង​លេប​យក​កម្ពុជា​តាម​ទំនើង​ចិត្ត និង​កាន់​តែ​ងាយស្រួល។

—  លោក គឹម សុខ

ក្រុម​ពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​គាំទ្រ​ច្បាប់​ដក​សញ្ជាតិ​បាន​លើកឡើង​បែប​ចំអក​ថា រដ្ឋាភិបាល​ត្រកូល «ហ៊ុន» សុខ​ចិត្ត​រវល់​រឿង​ធ្វើ​ច្បាប់​ដក​សញ្ជាតិ ជាង​រឿង​ទាហាន​ថៃ​ដើរ​រាយ​បន្លា​លួស​បំពាន​ចូល​ភូមិ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។