លោក ហ៊ុន ម៉ាណែត ជួបប្រធានអង្គការសហប្រជាជាតិនៅចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) នៅថ្ងៃទី០១ខែកញ្ញា អំឡុងពេលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន (Tianjin) ប្រទេសចិន។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត បាន​ចុះ​ផ្សាយ​ថា លោក អង់តូនីញ៉ូ ហ្គូទែរ៉េស កំពុង​យក​ចិត្ត​ទុក​ដាក់​តាមដាន​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និង​ស្វាគមន៍​ចំពោះ​បទ​ឈប់​បាញ់ ហើយ​ចង់​ឱ្យ​ប្រទេស​ទាំង​ពីរ​ស្ដារ​ទំនាក់ទំនង​ដូច​ដើម​ឡើង​វិញ។

ប្រធានUN៖ «ជំរុញឱ្យកម្ពុជា-ថៃបញ្ចៀសការប្រើអាវុធដោះស្រាយជម្លោះព្រំដែន» លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) នៅថ្ងៃទី០១ ខែកញ្ញា។

ប្រធាន​អង្គការ​សហប្រជាជាតិ​ក៏​បាន​ទទួល​យក​សំណើ​ពី​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​ថៃ​ចៀសវាង​ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់​ស្រេច ជាពិសេស​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ ដើម្បី​ងាក​មក​ដោះស្រាយ​ដោយ​សន្តិវិធី តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC) និង​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ រួម​ទាំង​សន្ធិសញ្ញា​ពាក់ព័ន្ធ និង​ច្បាប់​អន្តរជាតិ។

ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នេះ បាន​ធ្វើឡើង​អំឡុង​ពេល​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី៣០ ខែសីហា ដល់​ថ្ងៃ​ទី០១ ខែកញ្ញា និង​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​បណ្ដា​មេដឹកនាំ​មួយ​ចំនួន​ទៀត ដូចជា​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) នាយក​រដ្ឋមន្ត្រី​វៀតណាម ប្រធានាធិបតី​ឡាវ នាយក​រដ្ឋមន្ត្រី​នេប៉ាល់ និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ជាដើម។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត បាន​ចុះផ្សាយ​ដែរ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន គឺ​លោក ស៊ី ជីនពីង មេដឹកនាំ​ចិន​រូប​នេះ បាន​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​ចិន​គាំទ្រ​បទ​ឈប់​បាញ់​កម្ពុជា-ថៃ រួម​ទាំង​គាំទ្រ​យន្តការ​សង្កេតការណ៍​បទ​ឈប់​បាញ់​របស់​អាស៊ាន​ដែល​ដឹកនាំ​ដោយ​ម៉ាឡេស៊ី និង​ចង់​ឱ្យ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ឱ្យ​បាន​ឆាប់។

ប្រធានាធិបតី​ចិន​ក៏​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ដើម្បី​ជួយ​ស្តារ​ឡើង​វិញ​នូវ​ការ​ខូចខាត និង​ជួយ​សម្រួល​ដល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ។

ជុំវិញ​បញ្ហា​នេះ អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​និង​សង្គម​លោក ប៉ោ មករា បាន​លើកឡើង​ថា ជា​រឿង​ល្អ​ដែល​កម្ពុជា​ស្វែងរក​ការ​គាំទ្រ​ពី​អន្តរជាតិ ដើម្បី​ឱ្យ​ជួយ​ដាក់​សម្ពាធ​លើ​ប្រទេស​ថៃ ឱ្យ​គោរព​តាម​ច្បាប់​អន្តរជាតិ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន។

ពីព្រោះ​យើង​ដឹង​ហើយ ទាំង​កម្ពុជា​និង​ថៃ គឺ​ស្ថិត​ក្នុង​សណ្ដាប់​ធ្នាប់​របស់​ពិភពលោក ហើយ​នៅ​ក្នុង​ហ្នឹង កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ហើយ​ថៃ​ក៏​ស្ថិត​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ហើយ​កម្ពុជា​និង​ថៃ ក៏​ជា​សមាជិក​អាស៊ាន។ អ៊ីចឹង ធម្មនុញ្ញ​របស់​អាស៊ាន ក៏​បាន​និយាយ​ពី​បញ្ហា​នៃ​ការ​រំលោភ​អធិបតេយ្យភាព ឬ​ក៏​និយាយ​អំពី​ការ​គោរព និង​ជួយ​ជ្រោមជ្រែង​គ្នា ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជា​សមាជិក។

—  លោក​ ប៉ោ មករា

កាល​ពី​ថ្ងៃ​ទី២៧ ខែសីហា ឯកអគ្គរាជ​ទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក កែវ ឈា ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​អគ្គលេខាធិកា​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គូទេរ៉េស ដើម្បី​ដាក់​ភស្ដុតាង និង​រាយការណ៍​ពី​សកម្មភាព​យោធា​ថៃ​រំលោភ​បទ​ឈប់​បាញ់ ជាពិសេស ការ​រាយ​បន្លាលួស​តាម​ព្រំដែន កាត់​យក​ភូមិ​ពលរដ្ឋ​ខ្មែរ និង​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ផ្ទះ​សម្បែង​ដែល​បាន​រស់​នៅ​យូរ​មក​ហើយ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។